Police Assistance Line and Online Reporting (Khmer | ខ្មែរ)

ហៅទូរសព្ទលេខ 131 444 ដើម្បីរាយការណ៍អំពីឧក្រិដ្ឋកម្មមិនបន្ទាន់មួយចំនួន។

រាយការណ៍អំពីឧក្រិដ្ឋកម្ម ឬព្រឹត្តិការណ៍មិនបន្ទាន់ 24ម៉ោងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈបណ្តាញទូរសព្ទជំនួយប៉ូលីសរបស់យើង។

ការរាយការណ៍បន្ទាន់

ប្រសិនបើអ្នកស្ថិតក្នុងសភាពគ្រោះថ្នាក់ ចាំបាច់ត្រូវរាយការណ៍អំពីឧក្រិដ្ឋកម្មដែលកំពុងដំណើរការ ឬសម្រាប់ការចូលរួមរបស់ប៉ូលីសជាបន្ទាន់ សូមហៅទូរសព្ទលេខ សូន្យបីដង (000) ជានិច្ច។

ប្រសិនបើអ្នកមិនចេះនិយាយភាសាអង់គ្លេសទេ អ្នកអាច ហៅទូរសព្ទលេខសូន្យបីដង (000) ហើយសួររក 'ប៉ូលីស', 'អគ្គិភ័យ 'រថយន្តសង្គ្រោះ'។ នៅពេលត្រូវបានតភ្ជាប់ហើយ សូមបន្តរង់ចាំនៅតាមទូរសព្ទដើម្បីស្នើសុំអ្នកបកប្រែផ្ទាល់មាត់។

រាយការណ៍អំពីឧក្រិដ្ឋកម្ម និងព្រឹត្តិការណ៍មិនបន្ទាន់ជាភាសារបស់អ្នក

សម្រាប់ជំនួយមិនបន្ទាន់ជាភាសារបស់អ្នក សូមហៅ TIS Nationalតាមទូរសព្ទលេខ 131 450ហើយស្នើសុំ បណ្តាញទូរសព្ទជំនួយប៉ូលីសវិចថូរៀ។

ប្រសិនបើអ្នកមិនតម្រូវការគាំទ្រជាភាសារបស់អ្នកទេ សូមទូរសព្ទទៅបណ្តាញទូរសព្ទជំនួយប៉ូលីសដោយផ្ទាល់ តាមលេខ 131 444។ ការហៅទូរសព្ទរបស់អ្នកនឹងត្រូវបានឆ្លើយតបជាភាសាអង់គ្លេស។

ក្នុងអំឡុងពេលហៅទូរសព្ទរបស់អ្នក

ការហៅទូរសព្ទទាំងអស់ទៅកាន់បណ្តាញទូរសព្ទជំនួយប៉ូលីស ត្រូវបានកត់ត្រា និងរក្សាទុកដោយប៉ូលីសវិចថូរៀ។

នេះគឺសម្រាប់ទាំងការបណ្តុះបណ្តាល ហើយប្រសិនបើតម្រូវ សម្រាប់គោលបំណងកិច្ចការប៉ូលីសនានា។

បន្ទាប់ពីរបាយការណ៍របស់អ្នកត្រូវបានដំណើរការ

បន្ទាប់ពីយើងដំណើរការរបាយការណ៍របស់អ្នកហើយ អ្នកនឹងទទួលបានការជូនដំណឹងមួយ។ វានឹងរួមបញ្ចូលព័ត៌មានគាំទ្រ និងលេខយោងប៉ូលីស។

យើងនឹងផ្ញើវាតាមអ៊ីមែល ឬតាមប្រៃសណីយ៍។

អ្វីដែលអ្នកអាចរាយការណ៍បាន

ឧទាហរណ៍នានាអំពីឧក្រិដ្ឋកម្ម និងព្រឹត្តិការណ៍មិនបន្ទាន់ រួមមាន៖

ចោរកម្ម

រាយការណ៍អំពីកង់  ទ្រព្យសម្បត្តិ ឬវត្ថុផ្សេងៗទៀតរបស់អ្នកដែលត្រូវបានគេលួចពីឡានរបស់អ្នក។

បាត់បង់ទ្រព្យសម្បត្តិ

រាយការណ៍ពីការបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងរដ្ឋវិចថូរៀ។ អ្នកអាចរាយការណ៍ពីវត្ថុដែលមានតម្លៃខ្ពស់ ឬមនោសញ្ចេតនា និងលក្ខណៈពិសេសដែលអាចកំណត់អត្តសញ្ញាណបាន។

ទ្រព្យសម្បត្តិខូចខាត

រាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិរបស់អ្នក រួមទាំងការគូសវាសតាមទីសាធារណៈ។

អវត្តមានពីលំនៅដ្ឋាន

សូមឱ្យប៉ូលីសដឹងប្រសិនបើអ្នកនឹងទៅកាន់ទីឆ្ងាយ ដើម្បីជួយរក្សាទ្រព្យសម្បត្តិរបស់អ្នកឱ្យមានសុវត្ថិភាព។

សំណួរទូទៅ

សួរសំណួរទូទៅអំពីប៉ូលីស ឬសុវត្ថិភាព។

នេះរួមបញ្ចូលទាំងសំណួរនានាអំពី៖

• ការផាកពិន័យ និងការរំលោភបំពានច្បាប់

• ឧប្បត្តិហេតុនៅលើដងផ្លូវ

• ស្នាមម្រាមដៃ

• សេចក្តីប្រកាសជាផ្លូវការ។

អ្វីដែលអ្នកមិនអាចរាយការណ៍បាន

បណ្តាញទូរសព្ទជំនួយប៉ូលីសមិនអាចជួយក្នុងបញ្ហាបន្ទាន់ ឬគ្រោះអាសន្នបានទេ រួមមាន៖

• អំពើហិង្សាក្នុងគ្រួសារ

• ការបំពារបំពាន

• ឧក្រិដ្ឋកម្មដែលកំពុងកើតឡើងនៅពេលរាយការណ៍។

ការរាយការណ៍តាមអនឡាញ

អ្នកក៏អាចរាយការណ៍អំពីឧក្រិដ្ឋកម្ម ឬព្រឹត្តិការណ៍មិនបន្ទាន់មួយចំនួនតាមរយៈសេវាកម្មរាយការណ៍តាមអនឡាញរបស់យើងផងដែរ។

នៅដំណាក់កាលនេះ របាយការណ៍អនឡាញអាចត្រូវបានធ្វើឡើងជាភាសាអង់គ្លេសប៉ុណ្ណោះ។

រាយការណ៍ទៅ Crime Stoppers

អ្នកអាចធ្វើរបាយការណ៍អនាមិកទៅកាន់ Crime Stoppersប្រសិនបើអ្នកមានព័ត៌មានដែលអាចជួយប៉ូលីសដោះស្រាយឧក្រិដ្ឋកម្មកន្លងមក។

សម្រាប់ព័ត៌មានអំពីរបៀបរាយការណ៍តាមអនឡាញទៅ  Crime Stoppers ជាភាសាផ្សេងៗគ្នា សូមចូលទៅកាន់គេហទំព័រ  Crime Stoppers

ការគាំទ្រការបកប្រែភាសានៅស្ថានីយ៍ប៉ូលីសក្នុងមូលដ្ឋានរបស់អ្នក

ស្ថានីយ៍ប៉ូលីសក្នុងមូលដ្ឋានរបស់អ្នក អាចផ្តល់ការគាំទ្រតាមរយៈការចូលប្រើប្រាស់ទូរសព្ទទៅកាន់សេវាកម្មបកប្រែភាសា ប្រសិនបើអ្នកត្រូវការជំនួយដើម្បី៖

  • រាយការណ៍អំពីឧក្រិដ្ឋកម្ម
  • ស្វែងរកបច្ចុប្បន្នភាពស្ថានភាព (ឧទាហរណ៍ តាមដានឧប្បត្តិហេតុដែលអ្នកបានរាយការណ៍)
  • ដោះស្រាយបញ្ហាដែលទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារ។

Updated